កម្ពុជាគឺជាប្រទេសមួយដែល មិនចេះសាបសូន្យឡើយ
ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធ នេះគឺជាពេលវេលាដ៏សមរម្យមួយដើម្បីរំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេង ក្នុងការថែរក្សា ប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព នឹងប្រជាជនកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបាន ពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពី ការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាម នាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរកងទ័ពដែលបានពលីជីវិតក្នុង ជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។
ប្រទេសជាតិយើង ជំពាក់គុណវីរកងទ័ពទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិត របស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើង ត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរកងទ័ពទាំងនោះ។ រាល់យុត្តិធម៌ ទាំងអស់ ត្រូវផ្ដោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ច ខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ តាមរយៈការចងចាំអំពីវីរកងទ័ពដែលបានពលីជីវិត និងចូលរួម ជាមួយក្រុមគ្រួសាររបស់វីរកងទ័ពទាំងនេះ ក្នុងការធ្វើឱ្យជាសះស្បើយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវ ស្មារតី ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ វីរកងទ័ពទាំងអស់សុទ្ធតែមាន ក្រុមគ្រួសារ ហើយការបាត់បង់ជីវិតនៃវីរកងទ័ព មិនត្រឹមតែជាសោកនាដកម្មដែលជះឥទ្ធិពល ទៅលើក្រុមគ្រួសារសាច់ញាតិ និងអ្នកជិតស្និទ្ធរបស់វីរកងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែជះឥទ្ធិពល ទៅលើសហគមន៍ទាំងមូលថែមទៀតផង។
ការចងចាំចំពោះវីរកងទ័ពដែលបានពលីជីវិត នឹងនៅតែស្ថិតនៅដក់ជាប់ក្នុងចិត្តយើងជារៀងរហូត ដោយមិនត្រឹមតែជាការរំឭកដ៏សង្វេគថា ពេលខ្លះសន្តិភាពទាមទារនូវការពលីជីវិតដ៏ឧត្តុង្គឧត្តម បំផុតពីសំណាក់ប្រជាជនកម្ពុជាដ៏អស្ចារ្យប៉ុណ្ណោះទេ វាក៏ជាការរំឭកនិងបំផុសគំនិតថា កម្ពុជា គឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥